header-object-km1

KhmerEnglish
  • 1 - Copy.jpg
  • 1.jpg
  • 2.jpg
  • 3.jpg
  • 5.jpg
  • 6.jpg
  • 7.jpg
  • 8.jpg
  • 9.jpg
  • 10.jpg
  • 11.jpg
  • 12.jpg
  • 13.jpg
  • 14.jpg

លក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុង


១. ឈ្មោះ

​ ក្លឹប​វាយ​កូន​ហ្គោល​នេះ​មាន​នាម​ថា ក្លឹប​វាយ​កូន​ហ្គោល ហ្គា​ឌិន ស៊ី​ធី នៃ​ទីលានកីឡា​អាស៊ី (​ត​ទៅ​ហៅ​ថា “ ក្លឹប​វាយ​កូន​ហ្គោល​”)​។

២. និយមន័យ

លើកលែងតែ ​មាន​ការកំណត់​ផ្សេង​ពី​នេះ មិន​ដូច្នោះ​ទេ វាក្យ​ស័ព្ទ​ដែល​ប្រើ​នៅ​ក្នុង​លក្ខន្ដិកៈ និង​បទបញ្ជា​នេះ ត្រូវ​មាន​អត្ថន័យ​ដូចខាងក្រោម​៖

“​សមាជិក​” ”​សមាជិក​” ឬ “​បណ្ដា​សមាជិក​” សំដៅ​រូបវន្តបុគ្គល នីតិបុគ្គល សមាជិក​កិត្តិយស និង​សមាជិក​ស្ថិត​ក្នុង​ប្រភេទ​សមាជិកភាព​ផ្សេង​ទៀត​របស់​ក្លឹប​វាយ​កូន​ ហ្គោល ហ្គា​ឌិន ស៊ី​ធី នៃ     ទីលានកីឡា​អាស៊ី ដែល​អាច​កំណត់​និយមន័យ​ផ្អែក​តាម​ករណី​ជាក់ស្ដែង​។​

​ពាក្យ​ថា “​បុគ្គល​” ត្រូវ​រាប់​បញ្ចូល​ទាំង​រូបវន្តបុគ្គល គ្រឹះស្ថាន ក្រុមហ៊ុន សាជីវកម្ម ឬ​ក្រុម​មនុស្ស​ផ្សេងទៀត​។​
​ពាក្យ​ដែល​សំដៅ​ដល់​ភេទ​ប្រុស​ត្រូវ​រាប់បញ្ចូល​ទាំង​ភេទ​ស្រី​ផងដែរ​។

ពាក្យ​ដែល​សរសេរ​ជា​ពហុវចនៈ​ត្រូវ​សំដៅយក​ទាំង​ឯកវចនៈ​ផងដែរ​។

៣. កម្មសិទ្ធិ

ក្លឹប ​វាយ​កូន​ហ្គោល ទ្រព្យសម្បត្តិ សម្ភារ និង​សេវាកម្ម​របស់​ក្លឹប​ត្រូវ​រក្សា​ជា​កម្មសិទ្ធិ​របស់​ក្លឹប បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន និង​អាសយដ្ឋាន (​ត​ទៅ​ហៅ​ថា “​ម្ចាស់​ក្លឹប​”)​។  គ្មាន​សមាជិក​ណា​ម្នាក់​របស់​ក្លឹប​វាយ​កូន​ហ្គោល​ត្រូវ​មាន​ផលប្រយោជន៍​ ផ្ទាល់ខ្លួន​នៅ​ក្នុង​ក្លឹប​វាយ​កូន​ហ្គោល ទ្រព្យសម្បត្តិ សម្ភារ ឬ​សេវាកម្ម​របស់​ក្លឹប​នោះទេ​។ សមាជិកភាព​របស់​ក្លឹប​វាយ​កូន​ហ្គោល​ត្រូវបាន​ផ្តល់​ជូន​សមាជិក ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​ការប្រើប្រាស់​ក្លឹប​វាយ​កូន​ហ្គោល ទ្រព្យសម្បត្តិ សម្ភារ ឬ​សេវាកម្ម​របស់​ក្លឹប តាម​ប្រភេទ​សមាជិកភាព​នី​មួយៗ​តែប៉ុណ្ណោះ​។

៤. កម្មវត្ថុ

​ក្លឹប​វាយ​កូន​ហ្គោល​មាន​កម្មវត្ថុ​អាជីវកម្ម​ដូចតទៅ​៖

  1. ​ ផ្ដល់ និង​ថែទាំ​ជួសជុល​សម្ភារ​កីឡា​វាយ​កូន​ហ្គោល ការកម្សាន្ដ និង​សម្ភារ​សេវា​សង្គម​ប្រកបដោយ​ស្តង់ដា​ខ្ពស់បំផុត​សម្រាប់​សកម្មភាព​កីឡា​ វាយ​កូន​ហ្គោល​
  2. ​ផ្ដល់​នូវ​បរិស្ថាន​ដ៏​ល្អ​មួយ​សម្រាប់​ ការប្រើប្រាស់​សម្ភារ បម្រើ​ដល់​សកម្មភាព និង​សេវាកម្ម​របស់​សមាជិក ក្រុមគ្រួសារ និង​ភ្ញៀវ​របស់​ពួកគេ​។​
  3. រៀបចំ​ផែនការ អនុវត្ត​កម្មវិធី និង​សកម្មភាព​នានា​ទាក់ទង​នឹង​ការលេង​កីឡា​វាយ​កូន​ហ្គោល ការ​លំហែ និង​ការកំសាន្ត ដើម្បី​ជា​អត្ថប្រយោជន៍​ដល់​សមាជិក ក្រុមគ្រួសារ និង​ភ្ញៀវ​របស់​ពួកគេ​។
  4. ​លើកកម្ពស់ និង​ពង្រឹង​បរិយាកាស​ប្រកបដោយ​មេត្រី​ភាព ភាព​ជា​អ្នកកីឡា តម្លៃ​គ្រួសារ និង​ការយោគយល់​គ្នា​ក្នុងចំណោម​សមាជិក ក្រុមគ្រួសារ និង​ភ្ញៀវ​របស់​ពួកគេ​។

៥. ការគ្រប់គ្រង

ម្ចាស់ ​ក្លឹប​អាច​ធ្វើ​ការតែងតាំង​បុគ្គល​ណា​ម្នាក់ ក្រុមមនុស្ស ឬ​ក្រុមហ៊ុន​សម្រាប់​ផ្តល់នូវ​សេវាកម្ម​គ្រប់គ្រង​ក្លឹប​វាយ​កូន​ហ្គោល (​ត​ទៅ​ហៅ​ថា  ប្រធាន​គ្រប់គ្រង​)​។ ប្រធាន​គ្រប់គ្រង​ត្រូវ​ទទួលខុសត្រូវ​ពង្រឹង​នូវ​លក្ខន្ដិកៈ និង​បទបញ្ជា​ទាំងនេះ ប្រតិបត្តិការ​ប្រចាំថ្ងៃ​នូវ​សម្ភារ​កីឡា​វាយ​កូន​ហ្គោល ការរៀបចំ​បង្កើត និង​អនុវត្តន៍​សកម្មភាព និង​សេវាកម្ម​កីឡា​វាយ​កូន​ហ្គោល ព្រមទាំង​គ្រប់គ្រង និយោជិក ឬ ភ្នាក់ងារ​របស់​ក្លឹប​វាយ​កូន​ហ្គោល ផ្អែក​តាម​ការណែនាំ​របស់​ម្ចាស់​ក្លឹប​។

នៅពេល​ទទួលបាន​ការ​អនុម័ត​ យល់ព្រម​ពី​ម្ចាស់​ក្លឹប ប្រធាន​គ្រប់គ្រង​ត្រូវមាន​អំណាច​ធ្វើការ​តែងតាំង​បុគ្គល​នានា​ធ្វើ​ជា​ ប្រធាន​ផ្នែក ជំនួយការ​ប្រធាន​ផ្នែក ឬ ប្រធាន​ប្រតិបត្តិ តាម​ដែល​ខ្លួន​គិតថា​ចាំបាច់ ដើម្បី​ជួយ​ដល់​ប្រធាន​គ្រប់គ្រង​នៅក្នុង​ការអនុវត្ត​ន៍ស​កម្ម​ភាព និង​ការគ្រប់គ្រង​រដ្ឋបាលរ​បស់​ក្លឹប​វាយ​កូន​ហ្គោល​។ ប្រធាន​គ្រប់គ្រង​អាច​ផ្ទេរ​ជូន​ដល់​ប្រធាន​ផ្នែក​ទាំងនេះ​នូវ​សិទ្ធិ​អំណាច និង​ភារកិច្ច​របស់​ខ្លួន តាម​ការសម្រេច​របស់​ខ្លួន បន្ទាប់​ពី​ទទួល​បាន​ការអនុម័ត​យល់ព្រម​ពី​ម្ចាស់ក្លឹប​។​

៦. សមាជិកភាព

សមាជិកភាព ​របស់​ក្លឹប​វាយ​កូន​ហ្គោល​អាច​ផ្ដល់ជូន​ដល់​បុគ្គល​អាយុ​ពី​ដប់​ប្រាំបី (១៨) ឆ្នាំ​ឡើង​ទៅ និង​សមាជិក​នីតិបុគ្គល​ដែល​មាន​មុខតំណែង សមស្រប​តាម​លក្ខខណ្ឌ​ទាក់ទង​នឹង សមាជិកភាព​សាជីវកម្ម​។

ប្រភេទ​សមាជិក​របស់​ក្លឹប​វាយ​កូន​ហ្គោល​មាន​ដូចតទៅ ៖

  • សមាជិកភាព​ប្រភេទ Platinum (​រូបវន្តបុគ្គល និង​នីតិបុគ្គល​)
  • សមាជិកភាព​ប្រភេទ Gold (​រូបវន្តបុគ្គល និង​នីតិបុគ្គល​)
  • សមាជិកភាព​ប្រចាំឆ្នាំ (​សម្រាប់​ឯកអគ្គរដ្ឋទូត​ប៉ុណ្ណោះ​)

ម្ចាស់ ​ក្លឹប​មាន​សិទ្ធិ​បង្កើត ឬ​លុបចោល​នូវ​ប្រភេទ​សមាជិកភាព​ណាមួយ អនុលោម​តាម​លក្ខខណ្ឌ ឬ​បញ្ញត្តិ​ដែល​ម្ចាស់​ក្លឹប​អាច​នឹង​កំណត់​ផ្អែក​តាម​កាលៈទេសៈ​ជាក់ស្ដែង​។ ​

ពាក្យ​សុំ​ចូល​ជា​សមាជិក

ពាក្យ​សុំ​ចូល​ជា​សមាជិ​ ក្នុងប្រភេទ​នីមួយៗ​របស់​ក្លឹប​វាយ​កូន​ហ្គោល ត្រូវ​ធ្វើឡើង​ក្នុង​ទម្រង់ ពាក្យសុំ​ដែល​បានកំណត់ និង​ចុះហត្ថលេខា​ដោយ​អ្នកស្នើសុំ​។ លក្ខខណ្ឌ​ដែល​មានចែង​ក្នុង​ពាក្យសុំ​គឺជា​ផ្នែក​មួយ​នៃ​លក្ខន្ដិកៈ​នេះ​។

អាច ​ទទួល​ពាក្យសុំ​បាន លុះត្រា​ណា​តែ​បាន​បង់ប្រាក់​ភាគទាន​តាម​ប្រភេទ​សមាជិភាព  នី​មួយៗ ប្រាក់​កក់ កម្រៃ​សេវា​រដ្ឋបាល និង​/​ឬ​ថ្លៃ​សេវាកម្ម​ផ្សេងទៀត​តាម​ការកំណត់​ជាក់ស្តែង​។​

ម្ចាស់​ក្លឹប​មាន​សិទ្ធិ​ស្នើ​សុំ​ព័ត៌មាន​បន្ថែម តាម​ដែល​ខ្លួន​យល់ថា​មាន​ប្រយោជន៍​នៅ​ក្នុង​ការវាយតម្លៃ​លើ​ពាក្យសុំ​។

ម្ចាស់ ​ក្លឹប​មាន​សិទ្ធិ​បដិសេធ​ពាក្យសុំ​សមាជិកភាព​ណាមួយ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ផ្សេងៗ ដោយ​មិន​ចាំបាច់​ផ្តល់​នូវ​មូលហេតុ​នៃ​ការបដិសេធន៍​ឡើយ​។​

ប្រាក់​ទាំងអស់​នឹង​ត្រូវ​ផ្ដល់ជូន​អ្នកស្នើសុំ​វិញ​ដោយ​ពុំ​មាន​គិត​ការប្រាក់ ក្នុងករណី​ពាក្យសុំ​ត្រូវបាន​បដិសេធ​។

ការទទួល​ជា​សមាជិក

បេក្ខជន ​ទាំងអស់​ដែល​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ត្រូវ​បាន​អនុម័ត នឹង​ត្រូវ​បាន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ពី​ម្ចាស់​ក្លឹប ហើយ​សមាជិកភាព​នឹង​មិន​មាន​សុពលភាព​ឡើយ បើ​គ្មាន​ការជូន​ដំណឹង​បញ្ជាក់​ការទទួល​យល់ព្រម​នេះ​។​

សិទ្ធិ និង​កាតព្វកិច្ច​របស់​សមាជិក

អនុលោម ​ទៅ​តាម​លក្ខន្ដិកៈ និង​បទបញ្ជា​នេះ ព្រមទាំង​លក្ខន្ដិកៈ និង​បទបញ្ជា​ផ្សេង​ទៀត​ដែល​ម្ចាស់​ក្លឹប​អាច​នឹង​រៀបចំ​ឡើង​នាពេល​អនាគត សមាជិក​ត្រូវ​មាន​សិទ្ធិ​ប្រើប្រាស់​សម្ភារ​របស់​ក្លឹប​វាយ​កូន​ហ្គោល អនុលោម​ទៅតាម​ប្រភេទ​សមាជិកភាព​របស់​ពួកគេ និង​ការបង់ប្រាក់​ភាគទាន កម្រៃ​សេវា ឬ​ប្រាក់​ផ្សេង​ទៀត​ដែល​សមាជិក​មិនទាន់​បាន​ទូទាត់​។​

សមាជិក ​នីមួយៗ​ត្រូវ​ទទួលខុសត្រូវ និង​មាន​កាតព្វកិច្ច​បង់ប្រាក់ កម្រៃ​សេវាកម្ម និង​បន្ទុក​ចំណាយ​ទាក់ទង​នឹង​សមាជិកភាព​របស់​ខ្លួន​នៅក្នុង​ក្លឹប​វាយ​កូន​ ហ្គោល ឬ​សម្រាប់​ការប្រើប្រាស់​សម្ភាររ​បស់​ក្លឹប​វាយ​កូន​ហ្គោល​ដោយ​ខ្លួនឯង ដោយ​សមាជិក​គ្រួសារ ឬ​ភ្ញៀវ​របស់ខ្លួន​។ ផ្អែក​តាម​សមាជិកភាព​របស់​ខ្លួន គ្មាន​សមាជិក​ណា​មួយរ​បស់​ក្លឹប​វាយ​កូន​ហ្គោល​ត្រូវ​ទទួលខុសត្រូវ ឬ​មាន​កាតព្វកិច្ច​ត្រូវ​បង់​បំណុល ឬ​បន្ទុក​របស់​ម្ចាស់​ក្លឹប ឬ​ក្លឹប​វាយ​កូន​ហ្គោល​ឡើយ​។

ប្រសិនបើ​នៅ​ពេល​ណាមួយ ម្ចាស់​ក្លឹប​យល់ឃើញថា ទីលាន​វាយ​កូន​ហ្គោល សាលប្រជុំ ឬ សម្ភារ​ផ្សេង​ទៀត​របស់​ក្លឹប​វាយ​កូន​ហ្គោល​មាន​បញ្ហា ស្ថិតក្រោម​ការជួសជុល ឬ​ការថែទាំ ឬ​ចាំបាច់​ត្រូវ​ប្រើ​ដោយ​ក្លឹប​វាយ​កូន​ហ្គោល នោះ​ម្ចាស់​ក្លឹប​អាច​ដាក់​ចេញ​នូវ​បម្រាម ឬ​លក្ខខណ្ឌ​ពិសេស​ទៅលើ​ការប្រើ​សម្ភារ​ទាំងនោះ​ដោយ​សមាជិក​។

សមាជិក​ ត្រូវ​ធានា​ចំពោះ​ម្ចាស់​ក្លឹប និង​ក្លឹប​វាយ​កូន​ហ្គោល រួចផុត​ពី​កាតព្វកិច្ច​ចំពោះ​ការខូចខាត​នានា និង​ត្រូវ​សង​ដល់​ម្ចាស់​ក្លឹប និង​ក្លឹប​វាយ​កូន​ហ្គោល ក្នុងករណី​មាន​បណ្តឹងទាមទារ ការចោទប្រកាន់ ឬ​ចំណាត់ការ​នានា​ទាក់ទង​នឹង​សមាជិក ឬ​ជា​លទ្ធផល​ពី​សកម្មភាព​របស់​សមាជិក តំណាង​របស់​ខ្លួន ស្វាមីភរិយា កូន និង​ភ្ញៀវ​របស់​ពួកគេ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​បុគ្គល​ណា​ម្នាក់​មក​លើ​ម្ចាស់​ក្លឹប ឬ​ក្លឹប​វាយ​កូន​ហ្គោល​។ សមាជិក​ត្រូវ​បោះបង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការប្ដឹង​មកលើ​ម្ចាស់​ក្លឹប និង​ក្លឹប​វាយ​កូន​ហ្គោល លើកលែង​តែ​ម្ចាស់​ក្លឹប ឬ​ក្លឹប​វាយ​កូន​ហ្គោល​មាន​ប្រព្រឹត្ត​នូវ​កំហុស​ដោយ​ចេតនា ឬ​ការ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ​។​
 
ទីលាន​វាយ​កូន​ហ្គោល បន្ទប់​ប្រជុំ និង​សម្ភារ​ផ្សេង​ទៀត​របស់​ក្លឹប​វាយ​កូន​ហ្គោល​ត្រូវ​ស្ថិត​ក្រោម​ ការគ្រប់គ្រងរ​បស់​ប្រធាន​គ្រប់គ្រង​ក្នុង​នាម​ម្ចាស់​ក្លឹប​នៅ​គ្រប់​ពេល​ ទាំងអស់​។ សមាជិក​ទាំងអស់ តំណាង ស្វាមីភរិយា កូន និង​ភ្ញៀវ​របស់​ពួកគេ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង និង​ការណែនាំ​របស់​ប្រធាន​គ្រប់គ្រង ឬ​ជំនួយការ​របស់​ប្រធាន​ដែល​បាន​ចាត់តាំង នៅ​គ្រប់​ពេល​ដែល​ស្ថិត​នៅក្នុង​បរិវេណ​ក្លឹប​វាយ​កូន​ហ្គោល​។ ប្រធាន​គ្រប់គ្រង​អាច​ធ្វើ​ការបដិសេធ មិន​ផ្ដល់​សេវាកម្ម​ក្លឹប​វាយ​កូន​ហ្គោល ឬ​មិនឲ្យ​មាន​ការចេញចូ​ល​ក្លឹប​វាយ​កូន​ហ្គោល​បាន​គ្រប់​ពេល​ដែល​ខ្លួន​ គិតថា​ចាំបាច់​ដើម្បី​ការពារ​ឧត្តមប្រយោជ​ន៍រ​បស់​ក្លឹប​វាយ​កូន​ហ្គោល​។

សមាជិក​ជា​រូបវន្តបុគ្គល

សមាជិក ​ជា​រូបវន្តបុគ្គល​គឺជា​បុគ្គល​ណា​ម្នាក់​អាយុ​ចាប់ពី​ដប់​ប្រាំបី (១៨) ឡើងទៅ ដែល​បាន​ដាក់​ពាក្យសុំ​សមាជិក​ភាព​ជា​បុគ្គល និង​បាន​ទទួលយក​ដោយ​ម្ចាស់​ក្លឹប​។

ស្វាមីភរិយា និង​កូន​អាយុ​ចាប់ពី​ដប់​ពីរ (១២) ឆ្នាំ​ឡើង​ទៅ (​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​ត្រូវ​មក​ជាមួយ​សមាជិក ឬ​ស្វាមី​ភរិយា​របស់​សមាជិក​នៅ​គ្រប់​ពេល​ទាំងអស់​) និង​កូន​អាយុ​ក្រោម​ដប់​ប្រាំបី (១៨) ឆ្នាំ​របស់​សមាជិក​ជា​រូបវន្តបុគ្គល ត្រូវមាន​សិទ្ធិ​ប្រើប្រាស់​សម្ភារ​បរិក្ខា​ររ​បស់​ក្លឹប​វាយ​កូន​ហ្គោល បន្ទាប់ពី​បាន​ចុះបញ្ជី និង​ការអនុម័ត​យល់ព្រម​ជាមុន​ពី​ម្ចាស់​ក្លឹប​។

សមាជិក​ជា​នីតិបុគ្គល

​ សមាជិក​ជា​នីតិបុគ្គល​សំដៅ​ដល់​ក្រុមហ៊ុន ស្ថាប័ន ឬ​ក្រុម​នានា​ដែល​ម្ចាស់​ក្លឹប​បានកំណត់​ផ្អែក​តាម​ករណី​ជាក់ស្ដែង ហើយ​ដែល​ពាក្យសុំ​សមាជិកភាព​សាជីវកម្ម​របស់​ពួកគេ​ត្រូវបាន​ម្ចាស់ ក្លឹប​ទទួលយក ។

សមាជិក​ជា​នីតិបុគ្គល គឺជា​បុគ្គល​ណាមួយ (១) ដែល​ធ្វើការ​នៅក្នុង ឬ​បម្រើការ​ឲ្យ​សមាជិក​ជា​នីតិបុគ្គល ហើយ​ដែល​បាន​ចុះបញ្ជី​ជាមួយនឹង​ម្ចាស់​ក្លឹប​ជា​តំណាង​។​

តំណាង​ដែល​ បាន​ចុះបញ្ជី​អាច​លប់​ចោល​ដោយ​សមាជិក​សាជីវកម្ម​នៅពេល​ណា​មួយ និង​ដាក់​ជំនួស​ដោយ​តំណាង​បាន​ចុះបញ្ជី​ម្នាក់​ផ្សេង ដោយ​មាន​ការបង់ថ្លៃ​សេវា​ផ្ទេរ​ដែល​ពាក់ព័ន្ធ​ក្រោម​ការអនុម័ត​យល់ព្រម​ពី​ ម្ចាស់​ក្លឹប​។​

ស្វាមីភរិយា និង​កូន​របស់​ពួកគេ​ដែល​មាន​អាយុ​ចាប់ពី​ដប់​ពីរ (១២) ឆ្នាំ​ឡើង​ទៅ (​កូន​អាយុ​ក្រោម ១២ ឆ្នាំ​ត្រូវ​មក​ជាមួយ​សមាជិក ឬ​ស្វាមី​ភរិយា​របស់​សមាជិក​នៅ​គ្រប់​ពេល​ទាំងអស់​) និង​កូន​អាយុ​ក្រោម​ដប់​ប្រាំបី (១៨) ឆ្នាំ​របស់​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ត្រូវមាន​សិទ្ធិ​ ប្រើប្រាស់​សម្ភារ​បរិក្ខា​ររ​បស់​ក្លឹប​វាយ​កូន​ហ្គោល បន្ទាប់ពី​បាន​ចុះបញ្ជី និង​ការអនុម័ត​យល់ព្រម​ជាមុន​ពី​ម្ចាស់​ក្លឹប​។

សមាជិក​កិត្តិយស (​ត្រូវ​ពិចារណា​ដោយ​ប្រធាន​ក្លឹប​)

ម្ចាស់ ​ក្លឹប​អាច​អញ្ចើញ​បុគ្គល​ណា​ម្នាក់​ធ្វើ​ជា​សមាជិក​កិត្តិយស​នៅ​គ្រប់​ពេល​ ទាំងអស់ តាម​ការកំណត់​របស់​ម្ចាស់​ក្លឹប​។ សមាជិក​កិត្តិយស​ត្រូវមាន​សិទ្ធិ និង​បុព្វសិទ្ធិ​ដូចគ្នា​ទៅ​នឹង​សមាជិក​ជា​រូបវន្តបុគ្គល​។ សមាជិកភាព​កិត្តិយស​មិន​អាច​ផ្ទេរ​បានទេ​។

ការផ្ទេរ​សមាជិកភាព

អាច ​ផ្ទេរ​សមាជិកភាព​រូបវន្ត​បុគ្គល និង​នីតិបុគ្គល​បាន​ទាល់តែ​ក្រោយ​ពី​រយៈពេល​ប្រាំ (៥) ឆ្នាំ បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សមាជិកភាព និង​បន្ទាប់​ពី​បាន​បំពេញ​តាម​ចំណុច​ខាងក្រោម​ប៉ុណ្ណោះ​៖

  1. ​កម្រៃ​សេវា និង​បន្ទុក​ចំណាយ​ដែល​សមាជិក​មិនទាន់​ទូទាត់​ជូន​ក្លឹប​វាយ​កូន​ហ្គោល​ត្រូវបាន​ទូទាត់​សង​គ្រប់​ចំនួន​។
  2. ប័ណ្ណ​សមាជិកភាព និង​លិខិត​ទទួលយក​សមាជិកភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​សមាជិក​ដើម​ប្រគល់ជូន​ម្ចាស់​ក្លឹប​វិញ​រួចរាល់​។​
  3. ​ ម្ចាស់​ក្លឹប​បានទទួល និង​អនុម័ត​យល់ព្រម​ពាក្យសុំ​សមាជិកភាព​ដែល​បាន​បំពេញ​រួច និង​ថ្លៃ​ផ្ទេរ (​ចំនួន​ប្រាំ (៥%) ភាគរយ​នៃ​តម្លៃ​ក្នុង​បញ្ជី​តាម​ការកំណត់​របស់​ម្ចាស់​ក្លឹប​)​។​

ម្ចាស់ ​ក្លឹប​មាន​សិទ្ធិ​បដិសេធ​ពាក្យសុំ​ផ្ទេរ​សមាជិកភាព ផ្អែក​ទៅ​លើ​មូលដ្ឋាន​នានា​ដោយ​ពុំ​ចាំបាច់​ផ្តល់​ហេតុផល​សម្រាប់​ ការបដិសេធន៍​នោះឡើយ​។​

​ក្នុងករណី​មាន​សមាជិក​បុគ្គល​ណាមួយ​ ទទួលមរណភាព នោះ​សមាជិកភាព​នឹង​ត្រូវ​ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ (​បន្ទាប់​ពី​មាន​ការជូន​ដំណឹង​) ទៅ​ស្វាមីភរិយា ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ​ផ្ទេរ ក្រោម​លក្ខខណ្ឌ​ថា​សមាជិក​បាន​ទូទាត់​រួចរាល់​ទាំងស្រុង​នូវ​ថ្លៃ​សេវាកម្ម និង​បន្ទុក​នានា​ដែល​នៅ​ជំពាក់​ក្លឹប​វាយ​កូន​ហ្គោល​។​

ការសុំច្បាប់​ព្យួរទុក​សមាជិកភាព

សមាជិក ​អាច​ដាក់ពាក្យ​ទៅ​ប្រធាន​គ្រប់គ្រង​ដើម្បី​សុំ​ច្បាប់​ព្យួរទុក​សមាជិកភាព​ ។ អវត្តមាន​មានច្បាប់​បែប​នេះ​នឹង​ត្រូវបាន​អនុញ្ញាត​ដោយ​ប្រធាន​គ្រប់គ្រង សម្រាប់​ករណី​ចាំបាច់​បំផុត ដូចជា​ករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​មាន​ការផ្លាស់ប្តូរ​ទីកន្លែង​បណ្ដោះអាសន្ន​ទាក់ទង​នឹង​ការងារ ឬ​កិច្ចការ  អាជីវកម្ម ប៉ុន្តែ​រយៈពេល​នេះ​មិន​ត្រូវ​លើស​ពី​ប្រាំមួយ (៦) ខែ​នោះ​ឡើយ គិត​ចាប់ពី​ពេល​ដែល​ដាក់​ពាក្យសុំ​ជា​លាយលក្ខណ៍អក្សរ​ពី​សមាជិក​។​

សមាជិក ​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ក្នុង​អត្រា​ទាប​ជាង​ធម្មតា ទៅតាម​ការកំណត់​ជា​មុន​របស់​ម្ចាស់​ក្លឹប​ផ្អែក​តាម​ពេលវេលា​ជាក់ស្ដែង សម្រាប់​រយៈពេល​ដែល​ខ្លួន​អវត្តមាន​។​

បុព្វសិទ្ធិ​សមាជិកភាព​ទាំងអស់ ​ត្រូវតែ​ពង្រីក​ទៅដល់​ស្វាមីភរិយា និង​កូន​របស់​សមាជិក ឬ​តំណាង​ដែល​បាន​ចុះបញ្ជី នឹង​ត្រូវ​បាន​ព្យួរទុក​ក្នុង​រយៈពេល​ដែល​សមាជិក​អវត្តមាន​។​

អវត្តមាន​មានច្បាប់​លើស​ពី​មួយ (១) ដង​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ទេ​សម្រាប់​សមាជិក​របស់​ក្លឹប​វាយ​កូន​ហ្គោល​។

ការលុបចោល​សមាជិក​ភាព​ដោយសារ​ការ​ក្ស័យធន ដំណើរការ​ជម្រះបញ្ជី ។​ល​។

ក្នុងករណី ​សមាជិក​ជា​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​កំពុងស្ថិត​ក្រោម​ដំណើរការ​ជម្រះបញ្ជី​តាម ដីកា​បង្គាប់​របស់​តុលាការ ដែល​បាន​ប្រកាស​ក្ស័យធន កំពុង​ដំណើរការ​រៀប​ចំ​ដោះស្រាយ​ទូទាត់ បញ្ជី​ជាមួយ​ឥណ​ទាយក ឬ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់អ្នក​ជំ​រះ​បញ្ជី នោះ​សមាជិកភាព​នោះ​នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ​ភ្លាមៗ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​បំណុល​នានា​ដែល​សមាជិក​រូបនោះ​បាន​ជំពាក់​ក្លឹប​ វាយ​កូន​ហ្គោល ឬ ម្ចាស់​ក្លឹប​នោះទេ​។​

ការព្យួរ ឬ​ការបញ្ឈប់​សមាជិក​ភាព

ដោយ ​មាន​ការប្រឹក្សា​ជាមួយនឹង​ម្ចាស់​ក្លឹប​ជាមុន ប្រធាន​គ្រប់គ្រង​អាច​ព្យួរទុក​សមាជិកភាពរ​បស់​សមាជិក​ណា​ម្នាក់ ឬ​ក្នុង​ករណី​ធ្ងន់ធ្ងរ ធ្វើ​ការបញ្ឈប់​សមាជិក​ភាព​ពី​ក្លឹប​វាយ​កូន​ហ្គោល​របស់​សមាជិក​ណា​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បំពាន​លើ​លក្ខន្ដិកៈ និង​បទបញ្ជា​ទាំងនេះ ឬ​ដែល​បាន​ប្រព្រឹត្ត​ទង្វើ ដែល​តាម​ការយល់ឃើញ​របស់​ប្រធាន​គ្រប់គ្រង ឬ​ម្ចាស់​ក្លឹប គឺ​មាន​ផលប៉ះពាល់​មិន​ល្អ​ដល់​សណ្ដាប់ធ្នាប់ កេរ្តិ៍ឈ្មោះ ឬ​មុខមាត់​របស់​ក្លឹប​វាយ​កូន​ហ្គោល ឬ ផលប្រយោជន៍ សុវត្ថិភាព ឬ​សុខុមាលភាព​ជាទូទៅ​របស់​សមាជិក​ផ្សេងទៀ​ត​។​

​ប្រសិនបើ​សមាជិកភាព​ របស់​សមាជិក​ណា​ម្នាក់​មានខ្លួន​ត្រូវបាន​ព្យួរទុក នោះ​សិទ្ធិ និង​បុព្វសិទ្ធិ​របស់​ស្វាមីភរិយា ឬ​កូន​របស់​សមាជិក​នោះ​ក្នុង​ការប្រើប្រាស់​សម្ភាររ​បស់​ក្លឹប​វាយ​កូន​ ហ្គោល​ក៏​ត្រូវបាន​ផ្អាក​ផងដែរ​។ សមាជិក​ណា​ម្នាក់​ដែល​បុព្វសិទ្ធិ​សមាជិកភាព​របស់​ខ្លួន​ត្រូវបាន​ផ្អាក​ ត្រូវ​តែ​នៅ​ទទួលខុសត្រូវ​លើ​រាល់​ការបង់ថ្លៃ​ចូល​ជា​សមាជិក ឬ​ប្រាក់​ដែល​ជំពាក់​ដដែល​។​

ប្រសិនបើ​ប្រធាន​គ្រប់គ្រង​យល់ឃើញថា សមាជិក​ណា​ម្នាក់​គួរ​ត្រូវបាន​បញ្ឈប់​សមាជិកភាព​នោះ សមាជិក​រូបនោះ​ត្រូវ​មាន​ឱកាស​ក្នុង​ការពន្យល់​អំពី​សកម្មភាព​របស់​ខ្លួន និង​ផ្ដល់​ហេតុផល​សម្រាប់​ទង្វើ​របស់​ខ្លួន​នៅ​ចំពោះមុខ​គណៈកម្មាធិកា​រ​ដែល ​ម្ចាស់​ក្លឹប​បានតែងតាំង​។ ប្រសិនបើ      គណៈកម្មាធិការ​មាន​គិតថា  សមាជិក​បាន​ខកខាន​មិន​បាន​ពន្យល់ ឬ​ផ្ដល់​ហេតុផល​អំពី​សកម្មភាព​របស់​ខ្លួន នោះ​គណៈកម្មាធិការ​អាច​ផ្ដល់​ការណែនាំ​ដល់​ម្ចាស់​ក្លឹប​ថា ត្រូវ​បញ្ឈប់​សមាជិកភាព​របស់​សមាជិក​រូបនោះ​។

​ប្រសិនបើ​សមាជិក​ណា​ ម្នាក់​ត្រូវបាន​បញ្ឈប់​សមាជិកភាព​នោះ សិទ្ធិ​របស់​ស្វាមីភរិយា និង​កូន​របស់​សមាជិក​រូប​នោះ​ក្នុង​ការប្រើប្រាស់​សម្ភាររ​បស់​ក្លឹប​វាយ​ កូន​ហ្គោល​ក៏ត្រូវ​បញ្ឈប់​ផងដែរ​។​

សមាជិក​ដែល​មាន​សមាជិកភាព​អាច​ ផ្ទេរ​ដែល​ត្រូវបាន​បញ្ឈប់​សមាជិកភាព ត្រូវ​មាន​រយៈពេល​ប្រាំមួយ (៦) ខែ​ដើម្បី​ធ្វើ​ការផ្ទេរ​សមាជិកភាព​នោះ ដោយ​មាន​ការទូទាត់​សង​ថ្លៃ​សេវា និង​បន្ទុក​នានា​ដែល​នៅ​ជំពាក់​ក្លឹប​វាយ​កូន​ហ្គោល ការបង់ថ្លៃ​ផ្ទេរ ការចុះហត្ថលេខា និង​ការរៀបចំ​នូវ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ការផ្ទេរ​សមាជិកភាព ប៉ុន្តែ​សិទ្ធិ​ក្នុង​ការផ្ទេរ​សមាជិកភាព​ត្រូវ​លុបចោល​នូវ​រាល់​ប្រាក់​ ទាំងអស់​ដែល​បាន​ទូទាត់​ជូន​ក្លឹប​វាយ​កូន​ហ្គោល ឬ​ម្ចាស់​ក្លឹប ព្រមទាំង​សិទ្ធិ និង​បុព្វសិទ្ធិ​ទាំងអស់​របស់​សមាជិក​។ ប្រសិនបើ​សមាជិក​មិនបាន​ធ្វើ​ការផ្ទេរ​សមាជិក​ភាព​រវាង​រយៈពេល​ប្រាំមួយ (៦) ខែ​ខាងលើ​ទេ នោះ​ម្ចាស់​ក្លឹប​ត្រូវមាន​សិទ្ធិ​ផ្ទេរ​សមាជិកភាព​ជួសមុខ​ឲ្យ​សមាជិក​ រូបនោះ ហើយ​ប្រាក់​ទាំងអស់​ដែល​ជំពាក់​ម្ចាស់​ក្លឹប​ដោយសារ​ការលក់​សមាជិក​ភាព​នោះ​ នឹង​ត្រូវ​បាន​កាត់កង​ពី​ចំណូល​ប្រាក់​ពី​ការលក់​នោះ​។ សមតុល្យ​នៃ​ចំណូល​ប្រាក់​ពី​ការលក់​ត្រូវបាន​ទូទាត់​ជូន​សមាជិក​។​

ទៅតាម ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន  ម្ចាស់​ក្លឹប​អាច​ផ្ដល់​ជា​ថ្មី​នូវ​សិទ្ធិ​របស់​សមាជិក​ណា​ម្នាក់ ដែល​ត្រូវបាន​ផ្អាក ឬ​បញ្ឈប់ នៅពេល​មាន​ការ​ដាក់​ពាក្យសុំ​ជា​លាយលក្ខណ៍អក្សរ​ពី​សមាជិក និង​មាន​ការ​ទូទាត់​ថ្លៃ​សេវា​នានា តាម​ដែល​ម្ចាស់​ក្លឹប​គិត​ថា​សមស្រប​។​

៧. ប្រាក់​ភាគទាន​សមាជិកភាព ថ្លៃ​ទទួល​ពាក្យ​សុំ​ចូល​ជា​សមាជិក និង​បន្ទុក​ចំណាយ​ផ្សេងៗ

ប្រាក់ ​ភាគទាន​សមាជិក ថ្លៃ​ទទួល​ពាក្យ​សុំ​ចូល​ជា​សមាជិក ព្រមទាំង​ថ្លៃ​សេវា និង​បន្ទុក ចំណាយ​ផ្សេងៗ មាន​ជាអាទិ៍ ថ្លៃ​សេវា​សម្រាប់​ភ្ញៀវ និង​សម្រាប់​ការប្រើប្រាស់​សម្ភារ និង​សេវាកម្ម​របស់​ក្លឹប​វាយ​កូន​ហ្គោល ត្រូវ​គិត​ក្នុង​ចំនួន​ទឹកប្រាក់​មួយ​តាម​ការកំណត់​របស់​ម្ចាស់​ក្លឹប ផ្អែក​តាម​ពេលវេលា​ជាក់ស្ដែង​។​

បេក្ខជន​ទាំងអស់​ដែល​បាន​ដាក់​ពាក្យ​ សុំចូល​ជា​សមាជិកភាព​មក​ក្លឹប​វាយ​កូន​ហ្គោល​ត្រូវបាន​តម្រូវឲ្យ​បង់​នៅ​ពេល ​ដាក់​ពាក្យសុំ​សមាជិកភាព​នោះ​នូវ​ប្រាក់​ភាគទាន​ចូល​ជា​សមាជិក ប្រាក់​កក់ និង​ថ្លៃ​សេវា​ផ្សេង​ទៀត តាម​ការកំណត់​របស់​ម្ចាស់​ក្លឹប​។

សមាជិក​ ទាំងអស់​ចាំបាច់​ត្រូវ​បង់ថ្លៃ​ចូល​ជា​សមាជិក​ប្រចាំឆ្នាំ​ជា​រៀងរាល់ឆ្នាំ ជាមុន និង​នៅ​ពេល​ដល់​ពេល​កំណត់ ព្រមទាំង​ត្រូវ​បង់​នៅ​ថ្ងៃ​ទី​មួយ​នៃ​ឆ្នាំ​ប្រតិទិន​នី​មួយៗ​។ ថ្លៃ​ចូល​ជា​សមាជិក​ប្រចាំឆ្នាំ​ត្រូវ​គិត​ក្នុង​ចំនួន​មួយ​តាម​ការកំណត់​ របស់​ម្ចាស់​ក្លឹប ផ្អែក​តាម​ពេលវេលា​ជាក់ស្ដែង​។​

សមាជិក​ត្រូវ​ ទទួលខុសត្រូវ​លើ​ការជូនដំណឹង​មក​ក្លឹប​វាយ​កូន​ហ្គោល​អំពី​រាល់​ការកែប្រែ​ ណាមួយ​នៃ​អាសយដ្ឋាន​ទំនាក់ទំនង​បច្ចុប្បន្ន​របស់​សមាជិក​នោះ​សម្រាប់​ ការផ្ញើ​គណនី​។​

ការប្រាក់​ក្នុង​អត្រា​មួយ​ភាគរយ (១%) ក្នុង​មួយ​ខែ​នឹង​ត្រូវ​គិត​ជា​ប្រចាំ​ថ្ងៃ​លើ​ទឹកប្រាក់​ដែល​បង់​យឺតយ៉ាវ​ ទាំងអស់​គិត​ចាប់ពី​ថ្ងៃ​ដល់កំណត់​ត្រូវ​ទូទាត់​រហូតដល់​ថ្ងៃ​ដែល​បាន​បង់​ រួចរាល់​។ បន្ទាប់ពី​បាន​រយៈពេល​ហុកសិប (៦០) ថ្ងៃក្រោយ​កាលបរិច្ឆេទ​កំណត់  ម្ចាស់​ក្លឹប​រក្សា​សិទ្ធិ​ក្នុង​ការផ្អាក​នូវ​សិទ្ធិ និង​បុព្វសិទ្ធិ​របស់​សមាជិក​។ បន្ទាប់​ពី​រយៈពេល​មួយ​រយ​ប៉ែតសិប (១៨០) ថ្ងៃក្រោយ​កាលបរិច្ឆេទ​កំណត់  ម្ចាស់​ក្លឹប​រក្សា​សិទ្ធិ​ក្នុង​ការបញ្ចប់​សមាជិក​ភាព និង​រឹបអូស​រាល់​ទឹកប្រាក់​ទាំងអស់​ដែល​បាន​បង់​រហូត​ដល់​កាលបរិច្ឆេទ​ បច្ចុប្បន្ន ដោយ​មិន​ចាំបាច់​ជូនដំណឹង​ដល់​សមាជិក​នោះទេ​។ គ្រប់ពេល ទៅ​តាម​ការសម្រេច​របស់ខ្លួន ម្ចាស់​ក្លឹប​អាច​ផ្ដល់ជូន​វិញ​នូវ​សិទ្ធិ និង​បុព្វសិទ្ធិ​នៃ​សមាជិកភាព នៅពេល​មាន​ការបង់ប្រាក់​ដែល​នៅ​ជំពាក់​ទាំង​ស្រុង និង​ការប្រាក់​រួចរាល់​។

៨. ភ្ញៀវ

សមាជិក ​ត្រូវ​មាន​សិទ្ធិ​អញ្ចើញ​ភ្ញៀវ​មក​ក្លឹប​វាយ​កូន​ហ្គោល ហើយ​ភ្ញៀវ​នោះ​នឹង​មាន​សិទ្ធិ​ប្រើប្រាស់​នូវ​សម្ភារ​នានា​ដូច​សមាជិក ឬ​តំណាង​ដែល​បាន​ចុះបញ្ជី​របស់ខ្លួន ព្រមទាំង​ស្ថិតក្រោម​លក្ខន្ដិកៈ និង​បទបញ្ជា​របស់​ក្លឹប​វាយ​កូន​ហ្គោល​ផងដែរ បន្ទាប់​ពី​មាន​ការបង់ថ្លៃ​សម្រាប់​ភ្ញៀវ​តាម​ការកំណត់​របស់​ម្ចាស់​ក្លឹប ផ្អែក​តាម​ពេលវេលា​ជាក់ស្ដែង​។​

សមាជិក ឬ​តំណាង​ដែល​បាន​ចុះបញ្ជី​ដែល​អញ្ជើញ​ភ្ញៀវ​មក​ត្រូវ​កត់ត្រា​ព័ត៌មាន​ លម្អិត​អំពី​ភ្ញៀវ​នៅក្នុង​បញ្ជី​ចុះ​ឈ្មោះ​ភ្ញៀវ​របស់​ក្លឹប​វាយ​កូន​ហ្គោល ព្រមទាំង​ត្រូវ​ទទួលខុសត្រូវ​លើ​រាល់​បំណុល និង​បន្ទុក​នានា​ដែល​ភ្ញៀវ​នោះ​ជំពាក់​ក្លឹប​វាយ​កូន​ហ្គោល ឬ​ម្ចាស់​ក្លឹប និង​ត្រូវ​សង​ដល់​ក្លឹប​វាយ​កូន​ហ្គោល និង​ម្ចាស់​ក្លឹប​សម្រាប់​បណ្តឹងទាមទារ ការចោទប្រកាន់ ឬ​ចំណាត់ការ​នានា​ដែល​ភ្ញៀវ​នោះ​ធ្វើ​ឡើង​មក​លើ​ប្រធាន​គ្រប់គ្រង​ក្លឹប​វាយ ​កូន​ហ្គោល  ឬ​ម្ចាស់​ក្លឹប ទាក់ទិន​ទៅ​នឹង​បញ្ហានានា​។​

សមាជិក ឬ​តំណាង​ដែល​បាន​ចុះបញ្ជី​ទទួលខុសត្រូវ​ផ្តល់​ការណែនាំ​ដល់​ភ្ញៀវ​របស់ខ្លួន ​អំពី​បទ​បញ្ជា និង​លក្ខន្ដិកៈ​របស់​ក្លឹប​វាយ​កូន​ហ្គោល​។​

បុគ្គល​ណា​ម្នាក់​ដែល​មាន​សមាជិកភាព​ស្ថិតនៅក្រោម​ការផ្អាក ឬ​ការបញ្ឈប់​មិន​អាច​អញ្ជើញ​ជា​ភ្ញៀវ​ដោយ​សមាជិក​ណា​ម្នាក់​ឡើយ​។

​ គ្រប់ពេល ប្រធាន​គ្រប់គ្រង​អាច​ដក​បុព្វសិទ្ធិ​របស់​ក្លឹប​វាយ​កូន​ហ្គោល​ពី​ភ្ញៀវ​ នានា ដោយ​ពុំ​ចាំបាច់​ផ្តល់នូវ​ហេតុផល​អ្វី​ទាំងអស់​។

៩. បម្រាម

សកម្មភាព​ខុសច្បាប់​គ្រប់​ប្រភេទ​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​នៅ​ក្នុង​បរិវេណ​ក្លឹប​វាយ​កូន​ហ្គោល​។

សកម្មភាព​សាសនា ឬ​នយោបាយ​គ្រប់​ប្រភេទ​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ធ្វើ​ឡើង​នៅ​កន្លែង​ណាមួយ​ក្នុង​បរិវេណ​ក្លឹប​វាយ​កូន​ហ្គោល​នោះទេ​។​

ការផ្សាយពាណិជ្ជកម្ម ​ពាណិជ្ជកម្ម នយោបាយ និង សាសនា ឬ​សម្ភារ​សម្រាប់​អនុវត្ត​នូវ​សកម្មភាព​ខាងលើ​ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​មាន ​នៅ​កន្លែង​ណាមួយ​ក្នុង​បរិវេណ​ក្លឹប​វាយ​កូន​ហ្គោល​នោះទេ​។

ហាម​ សមាជិក​ប្រើប្រាស់​ឈ្មោះ​ក្លឹប​វាយ​កូន​ហ្គោល ឬ​ផ្ដល់​អាសយដ្ឋាន​របស់​ក្លឹប​វាយ​កូន​ហ្គោល នៅក្នុង​ការផ្សាយពាណិជ្ជកម្ម​នានា ឬ​ប្រើប្រាស់​អាសយដ្ឋាន ឬ​បរិវេណ​របស់​ក្លឹប​វាយ​កូន​ហ្គោល​សម្រាប់​បុព្វហេតុ​ពាណិជ្ជកម្ម​ឡើយ​។

​ ហាម​មិនឲ្យ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​នា​នានៅ​ក្នុង​បរិវេណ​ក្លឹប​វាយ​កូន​ ហ្គោល ដោយ​គ្មាន​លិខិតអនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រធាន​គ្រប់គ្រង​។​

ការឈ្លោះប្រកែក ​គ្នា​រវាង​បុគ្គលិក​ក្លឹប​វាយ​កូន​ហ្គោល ត្រូវ​បាន​ហាមឃាត់​ជាដាច់ខាត​។ សមាជិក​ណា​ម្នាក់​ដែល​មាន​ការ​មិន​ពេញចិត្ត​ចំពោះ​បុគ្គលិក​ណា​ម្នាក់​ក្លឹប ​វាយ​កូន​ហ្គោល ត្រូវ​ជូនដំណឹង​មក​ប្រធាន​គ្រប់គ្រង​ដើម្បី​ដោះស្រាយ​បញ្ហា​ទៅ​តាម​ការ​ សមស្រប​។ រាល់​ពាក្យ​ប្ដឹង​អនាមិក​នឹង​មិន​ត្រូវបាន​ពិចារណា​នោះទេ​។​

១០.  ទ្រព្យសម្បត្តិ​របស់​ក្លឹប​វាយ​កូន​ហ្គោល

ទ្រព្យសម្បត្តិ ទ្រព្យ​សកម្ម និង​សម្ភាររ​បស់​ក្លឹប​វាយ​កូន​ហ្គោល​គឺ​ជា​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ ក្លឹប និង​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ប្រធាន​គ្រប់គ្រង​គ្រប់​ពេល​។ ហាម​សមាជិក​យកចេញ ឬ​អនុញ្ញាត​ឲ្យមាន​ការយកចេញ​នូវ​ទ្រព្យសម្បត្តិ ឬ​សម្ភារ​នានា​របស់​ក្លឹប​វាយ​កូន​ហ្គោល ឬ​បង្ក​ការខូចខាត ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ​នានា​។ សមាជិក​ត្រូវ​មាន​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​ចំពោះ​ក្លឹប​វាយ​កូន​ហ្គោល​លើ​រាល់​សា​ហ៊ុយ​ចំណាយ​លើ​ ការផ្លាស់ប្ដូរ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្លឹប​វាយ​កូន​ហ្គោល ដែល​បាន​ខូចខាត ឬ​យក​ចេញ​ដោយ​សមាជិក​នោះ ស្វាមីភរិយា កូន ឬ​តំណាង​របស់​សមាជិក​នោះ​។

១១. លក្ខន្ដិកៈ

លក្ខន្ដិកៈ និង​បទបញ្ជា​ទាំងនេះ​ត្រូវបាន​បង្កើតឡើង និង​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ដោយ​ម្ចាស់​ក្លឹប​ដើម្បី​ការពារ​ ទ្រព្យសម្បត្តិ និង​សម្ភាររ​បស់​ក្លឹប​វាយ​កូន​ហ្គោល និង​ធានា​នូវ​ការពេញចិត្ត​លើ​សម្ភាររ​បស់​ក្លឹប​វាយ​កូន​ហ្គោល​ពី​សមាជិក​ ទាំងអស់ និង​ក្រុមគ្រួសារ ភ្ញៀវ​របស់​ពួកគេ និង​អ្នក​ដែល​មក​លេង​ទាំង​អស់​។

ម្ចាស់ ​ក្លឹប​រក្សា​សិទ្ធិ គ្រប់ពេល និង​ផ្អែក​តាម​ពេលវេលា​ជាក់ស្ដែង ក្នុង​ការរៀបចំ​បង្កើត ប្រកាស​ឲ្យប្រើ​ប្រាស់ បោះពុម្ពផ្សាយ ធ្វើ​វិសោធនកម្ម កែប្រែ ដកចេញ និង​ដាក់​ជំនួស​នូវ​លក្ខន្ដិកៈ និង​បទបញ្ជា​ទាំងនេះ តាម​ដែល​ខ្លួន​គិតថា​ដើម្បី​ឧត្តមប្រយោជន៍​របស់​ក្លឹប​វាយកូនហ្គោល ឬ​សមាជិក​។​

១២. លិខិត​ជូនដំណឹង

​រាល់​លិខិត​ជូនដំណឹង​ ទាំងអស់​ទាក់ទិន​នឹង​លក្ខន្ដិកៈ និង​បទបញ្ជា​ទាំងនេះ ដល់​សមាជិក​របស់​ក្លឹប​វាយ​កូន​ហ្គោល អាច​ត្រូវបាន​បិទ​ផ្សាយ​លើ​ក្ដារ​ព័ត៌មាន​ផ្សេងៗ​នៅ​ក្លឹប​វាយ​កូន​ហ្គោល ឬ​បាន​ផ្ញើ​ជា​លិខិត​ជូន​ដល់​សមាជិក​ទៅ​តាម​អាសយដ្ឋាន​ទំនាក់ទំនង​ដែល​ សមាជិក​បាន​ផ្ដល់ជូន​ក្លឹប​វាយ​កូន​ហ្គោល​។ សមាជិក​ត្រូវ​ទទួលខុសត្រូវ​លើ​ការជូនដំណឹង​មក​ក្លឹប​វាយ​កូន​ហ្គោល​អំពី​ រាល់​ការកែប្រែ​ណាមួយ​នៃ​អាសយដ្ឋាន​សម្រាប់​ផ្ញើលិខិត​ជូនដំណឹង​។​

១៣. ការបកស្រាយ

​ រាល់​វិវាទ​នានា​ដែល​កើតចេញពី​ការបកស្រាយ​ខុស​គ្នា​អំពី​លក្ខន្ដិកៈ និង​បទបញ្ជា​ទាំងនេះ​ត្រូវ​ដោះស្រាយ​ដោយ​ម្ចាស់​ក្លឹប ហើយ​សេចក្ដីសម្រេច​របស់​ម្ចាស់​ក្លឹប​ត្រូវ​ជា​សេចក្ដីសម្រេច​ស្ថាពរ​។​

រាល់​ចំណងជើង​រង​ដែល​មាន​ប្រើ​នៅ​ក្នុង​លក្ខន្ដិកៈ​នេះ​គឺ​សម្រាប់​ភាពងាយស្រួល​ប្រើ​តែ​ប៉ុណ្ណោះ និង​គ្មាន​អានុភាព​គតិយុត្តិ​នោះទេ​។

១៤. ការលះបង់​សិទ្ធិ

គ្មាន ​ការខកខាន​ណាមួយ​របស់​សមាជិក​ណា​ម្នាក់​ក្នុង​ការគោរព​អនុវត្ត​តាម​ លក្ខន្ដិកៈ​នេះ​ត្រូវ​ចាត់ទុក​ថា ត្រូវ​បាន​លះបង់​សិទ្ធិ លើកលែង ឬ​ទទួលយក​ដោយ​ប្រធាន​គ្រប់គ្រង​ឡើយ លើកលែងតែ​ការ​ខកខាន​នោះ​ត្រូវ​បាន​លះបង់​សិទ្ធិ លើកលែង ឬ​ទទួល​យក​យ៉ាង​ច្បាស់លាស់​ជា​លាយ លក្ខណ៍​អក្សរ​ដោយ​ប្រធាន​គ្រប់គ្រង​។​

១៥. បន្ទុក

​ម្ចាស់​ក្លឹប  ក្លឹប​វាយ​កូន​ហ្គោល និង​ប្រធាន​គ្រប់គ្រង មិន​ទទួលខុសត្រូវ​លើ​៖

  1. ការបាត់បង់ ឬ​ការខូចខាត​សម្ភារ​ដែល​ជា​កម្មសិទ្ធិរ​បស់​សមាជិក ឬ​តំណាង​របស់​ខ្លួន ស្វាមីភរិយា កូន ភ្ញៀវ​របស់​ពួកគេ អ្នកទស្សនា ឬ​បុគ្គល​ផ្សេងទៀត ដែល​មាន​ជាអាទិ៍ រថយន្ត សំលៀក​បំពាក់ ឬ​វត្ថុ​មាន​តម្លៃ​ដែល​ទុក​នៅ​ក្នុង​នោះ ឬ​បន្ទប់​ទូ​ដាក់​សម្ភារ ឬ​កន្លែង​ផ្សេងទៀត​ក្នុង​បរិវេណ​ក្លឹប​វាយ​កូន​ហ្គោល​។​
  2. ​របួសស្នាម ឬ​ការបាត់បង់​នានា ទោះ​ជា​អ្វី ឬ​ដោយ​របៀប​ណាក៏ដោយ ដែល​កើតមាន​លើ​សមាជិក ឬ​តំណាង​របស់​ខ្លួន ស្វាមីភរិយា កូន ភ្ញៀវ​របស់​ពួកគេ អ្នកទស្សនា ឬ​បុគ្គល​ផ្សេងទៀត
  3. ​រាល់​បណ្តឹងទាមទារ តម្រូវការ សោហ៊ុយ​ចំណាយ និង​ការបាត់បង់​អាយុជីវិត មិន​ថា​កើតចេញពី ឬ​ទាក់ទិន​ទៅ​នឹង​កំហុស ឬ​ការធ្វេសប្រហែស​របស់​ម្ចាស់​ក្លឹប  ក្លឹប​វាយ​កូន​ហ្គោល និយោជិត និង​ភ្នាក់ងារ​របស់​ខ្លួន ឬ​ផ្សេង​ពី​នេះ​ក៏​ដោយ​។